![]() | ||||
| ចម្លាក់ ទេវៈ ព្រហស្ថ ៨ ដែល នៅ ជាប់ នឹង ចម្លាក់ អវលោកិតេស្វរៈ ដែល ជា ជន ទុច្ចរិត គាស់ រំលើង បាក់ រួច រក ឃើញ នៅ ប្រទេស សៀម និង បញ្ជូន ត្រឡប់ វិញ ក្នុងចំណោម ថ្ម ចម្លាក់ ១១៧ កន្លងមក |
![]() | ||
| ព្រះ ស្រិ ន្ទ្រ កុមារ ជិះ រាជរថ ច្បាំង នឹង រា ហ៊ូ នៅ ជញ្ជាំង ខាងលិច ប្រាសាទបន្ទាយឆ្មារ |
![]() |
| ចម្បាំង ទ័ពជើងទឹក ខ្មែរ នឹង ប្រទេស ចម្ប៉ា |
រូបចម្លាក់នៅជញ្ជាំងខាងលិចជ្រុងខាងជើង នៃប្រាសាទនេះ គឺមានបង្ហាញពីព្រះរាជបុត្រស្រិន្ទ្រៈកុមារ ទ្រង់គង់បររាជរថឧភរាជយ៉ាងលឿនឆ្ពោះទៅមុខ ។ នៅពីមុខរទេះនោះគឺជារទេះនៃសេនា ឬជាប្រជារាស្ត្រ ដែលជួបនឹងគ្រោះអាក្រក់គឺត្រូវសត្វរាហ៊ូ (និមិត្តរូបគឺសភាវៈអាក្រក់ឬយក្ស) បានស្ទាក់រួចលេបឧសភៈ (គោ) និង ម្ចាស់វា ។ ពីលើរូបចម្លាក់នេះទៀតជារូបចម្លាក់នៃចម្បាំងដាវដ៏ជាញជ័យរវាងព្រះរាជបុត្រស្រិន្ទ្រៈកុមារ និងរាហ៊ូ ។
តាមសិលាចារឹកប្រាសាទបន្ទាយឆ្មារអោយដឹងថា ស្រិន្ទៈកុមារជាព្រះរាជបុត្រឆ្នើម និងសំណប់ព្រះទ័យរបស់ព្រះបាទជ័យវរ្ម័នទី៧ បានជំនួយពីសញ្ជក (សេនា) ៤រូបគឺ ១-អជ៌ន , ២-ទេព , ៣-វទ្ធន , ៤-ស្រីធរ និងទាហានជាច្រើនទៀតបានច្បាំងនឹងរាហ៊ូដែលជាប្រផ្នូលនិមិត្ត នៃជនអាក្រក់ និងបំបះបំបោរខ្មែរ សៀមនៅខេត្តលពបូរី (សព្វថ្ងៃនៅប្រទេសសៀម ខាងលិចក្រុងបាងកក) ។ រាហ៊ូបានយារយីព្រះជន្មព្រះស្រិន្ទ្រៈកុមារជាខ្លាំង តែត្រូវព្រះអង្គនិងសញ្ជកបង្ក្រាបបាន ។ សិលាចារឹកវិមានអាកាសនៅខេត្តសៀមរាប និងប្រវត្តិប្រាសាទបន្ទាយឆ្មារស្រាវជ្រាវដោយអ្នកប្រាជ្ញបារាំងបញ្ជាក់ថា ព្រះរាជបុត្រីស្រិន្ទកុមារ សេនាជំនិត និងពលយោធាទទួលទិសខាងលិច នៃព្រះនគរបានបង្ក្រាបរាបទាបនូវពួកប្រជាអាណាគ្រាម និងទ័ពនៃមន្ត្រីអាក្រក់នៅខេត្តលពបុរី សព្វថ្ងៃស្ថិតនៅក្នុប្រទេសសៀម ។ ដែលក្រោយមកព្រះរាជបុត្រ ១អង្គទៀត នៃព្រះបាទជ័យវរ្ម័នទី៧ ត្រូវទៅកាន់ការជាចៅហ្វាយខេត្តនោះ ។ គួរបញ្ជាក់ដែរថា សិលាចារឹកបង្ហាញថា ព្រះរាជបុត្របង្កើតរបស់ព្រះបាទជ័យវរ្ម័នទី៧ និងព្រះអគ្គមហេសីជ័យទេវី (អគ្គមហេសីដើមឬទី១) មាន៤ អង្គ ដែលស្គាល់ឈ្មោះក្នុងចំណោមច្រើនអង្គ ១-ព្រះសុរិយកុមារ ទ្រង់ជាកវីឯក ១អង្គក្នុងការតែងកាព្យសំស្ក្រឹត នៅសិលាចារឹកប្រាសាទតាព្រហ្ម ។ ២-ព្រះវីរៈកុមារជាកវីតែងកាព្យជាភាសាសំស្ក្រឹតនៅប្រាសាទព្រះខ័ន ។ ៣-ព្រះឥន្ទ្រវរ្ម័នជាចៅហ្វាយខេត្តលពបូរី និង៤-ព្រះស្រិន្ទ្រកុមារជាប្រមុខមេទ័ព ។
សិលាចារឹកប្រាសាទបន្ទាយឆ្មារអោយដឹងថា ខណៈព្រះអង្គជ័យវរ្ម័នទ្រង់កាន់ប្រមុខទ័ពទៅបង្ក្រាប ការបះបោររបស់ជនក្បត់នៅនគរចម្ប៉ានោះ ព្រះនាងជ័យទេវី និងព្រះរាជបុត្រីគង់នៅឯរាជធានីអង្គរ ព្រមទាំង ព្រះបិតាព្រះនាងព្រះនាមធរណិន្ទ្រវរ្ម័នទី២ ឬតារានិន្ទ្រវរ្ម័នទី២ ទ្រង់មានកង្វល់ជាខ្លាំង ។
ព្រះបាទធរណិន្ទ្រវរ្ម័នទី២ ទ្រង់ជាព្រះមហាក្សត្រ តែទ្រង់ប្រឈួនធ្ងន់ ហើយសោយទីវង្គត ។ ព្រះបាទយសោវរ្ម័នទី២ (គ.ស ១១៦១-១១៦៥) ទ្រង់គ្រងរាជបន្ត ។ ប៉ុន្តែមានមន្ត្រីក្បត់ម្នាក់បានលួចធ្វើឃាតព្រះអង្គ ហើយជ្រែករាជ្យដោយតាំងនាមថា ព្រះបាទត្រីភូនាទិត្យវរ្ម័ន (១១៦៥-១១៧៧) ។
សូមរំលឹកថា ព្រឹត្តិការណ៍អាក្រក់ ១ទៀត គឺខណៈព្រះជ័យវរ្ម័នយាងត្រលប់មកនគរពីនគរចម្ប៉ាចំណុះនោះ មេទ័ពម្នាក់នៅនគរចម្ប៉ាបានដឹកនាំទ័ពបះបោរ រួចរំដោះយកនគរពីក្រោមចំណុះមហានគរខ្មែរហើយ តាំងខ្លួនជាស្តេចក្នុងនាមថា ព្រះបាទឥន្ទ្រវរ្ម័នទី៤ ដែលជាស្តេចចងសម្ព័ន្ធមេត្រីនឹងនគរអាណ្ណាមដែលថាមិនឈ្លានពានគ្នា ។ បន្ទាប់មកស្តេចនេះលោភលន់ហើយដឹកនាំទ័ពមកវាយបក និងត្រួតត្រាមហានគរខ្មែរដោយ ធ្វើគត់ព្រះបាទភូវិនាទិត្យវរ្ម័ន និងសម្លាប់ប្រជារាស្ត្រសម្លាប់ទ័ពខ្មែរប្លន់យកទ្រព្យសម្បត្តិរួចនាំយកទៅនគរខ្លួន ។ ក្នុងពេលនោះព្រះជ័យវរ្ម័ន និងជាមេទ័ព ពលសេនាដ៏មានសេចក្តីអង់អាច រួមទាំងព្រះរាជបុត្រទ្រង់ព្រះនាម ស្រិន្ទ្រកុមារផង បានប្រយុទ្ធនឹងទ័ពនៃស្តេចនគរចម្ប៉ា(ចាម)នោះរហូតបានឈ្នះ និងដេញខ្ចាត់ខ្ចាយ ហើយដាក់ នគរចម្ប៉ាចំណុះជាថ្មីវិញ តែព្រះរាជបុត្រស្រិន្ទ្រកុមារទ្រង់សុគត ។ ក្រោយចម្បាំងបង្ហូរឈាមនោះព្រះអង្គ ជ័យវរ្ម័នត្រូវបានឡើងគ្រងរាជសម្បត្តិជាមហាវីរក្សត្រក្នុងនាមថា ព្រះបាទវរ្ម័នទី៧(១១៨១-១២១៩) ។ ទ្រង់ សព្វហឫទ័យសោមនស្សនឹងព្រះរាជកិច្ចនគរ ប្រជារាស្ត្រ ពលសេនា មន្ត្រីក្រុមការនិងព្រះរាជវង្សានុវង្ស ហើយកសាងសមិទ្ធផលយ៉ាងច្រើនលើសលុបក្នុងមហានគររហូតដល់ដែនសាមន្តរដ្ឋ ។ ប៉ុន្តែទ្រង់នៅតែមាន វិប្
បយោគជាទម្ងន់អំពីការបាត់បង់សមាជិកគ្រួសារពីររូប គឺព្រះរាជបុត្រស្រិន្ទ្រកុមារ និងបន្ទាប់មកព្រះរាជអគ្គ មហេសីជ័យទេវីសោយទីវង្គត់ដោយរោគា ។ ផុតពីវេលាកាន់ទុក្ខនេះ ដោយសារមានសំណើពីព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រី និងប្រជារាស្ត្រទ្រង់បានអភិសេកអគ្គមហេសីថ្មី គឺព្រះនាងឥន្ទ្រទេវីជាព្រះរាជកន្និដ្ឋា (ប្អូនស្រី) នឹងព្រះនាងជ័យទេវី ។ ព្រះបាទជ័យវរ្ម័នទី៧ និងព្រះអគ្គមហេសីឥន្ទ្រទេវីបានដឹកនាំព្រះនគរបានរីកចំរើនល្បីល្បាញដល់កំពូល ។ ក្នុងចំណោមសមិទ្ធផលសន្ធឹកសន្ធាប់គ្រប់ទិសទីទ្រង់ក៏ចាត់អោយកសាងប្រាសាទបន្ទាយឆ្មារ១ដែរ សម្រាប់ឧទ្ទិសចំពោះវីរភាព ឬជាចំណងព្រហស្ថកិត្តិយសថ្វាយចំពោះព្រះរាជបុត្រស្រិន្ទ្រកុមារ និងសញ្ជក (សេនាជំនិត) ៤រូប ពលសេនាទាំងអស់ដែលបូជាជីវិតក្នុងការបង្ក្រាបការបះបោរនៃជនក្បត់ និងចម្បាំងនឹងនគរចាម ។ នៅជញ្ជាំងខាងមុខនៃប្រាសាទបន្ទាយឆ្មារមានរូបចម្លាក់ស្តីពីសកម្មភាពបញ្ជាទ័ពរបស់ព្រះបាទជ័យរវ្ម័នទី៧ និងសមរភូមិប្រយុទ្ធនៃកងទ័ពជើងទឹកខ្មែរច្បាំងនឹងទ័ពចាម ។ ចម្បាំងនោះជាញជ័យ តែស្លាប់ពលសេនាយ៉ាងច្រើន ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអោយដឹងថា ប្រាសាទបន្ទាយឆ្មារកសាងនៅចុងសតវត្សរ៍ទី១២ ដើម សតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ គឺឧទ្ទិសដល់ព្រះរាជបុត្រស្រិន្ទ្រកុមាររបស់ទ្រង់ និងមេទ័ព ៤នាក់ទៀត ដែលបូជាជីវិតក្នុងសង្គ្រាមនឹងប្រទេសចម្ប៉ា ។ ប្រាសាទបន្ទាយឆ្មារមានស្ថាបត្យកម្មក្នុងរចនាបថបាយ័ន ។ ប្រាសាទមានផ្ទៃបរិវេណសរុបដល់ទៅ ៩ គ.មការ៉េ មានកសិណ ទទឹង ៦៥ ម ព័ទ្ធជុំវិញ មានផ្លូវចូលគ្រប់ ទិសធំដូចក្រុមប្រាសាទអង្គរធំដែរដោយមានរូបចម្លាក់យក្ស និងទេវតាទាញព្រ័ត្រ ។ កំពែងព័ទ្ធជុំវិញមានប្រវែង ៨០០ម (ពីកើតទៅលិច) និង ៦០០ម (ពីជើងទៅត្បូង) ។ តួប្រាសាទមានទំហំ ២៥០ម x ១៩០ម ក្រៅពីចម្លាក់ស្តីពីចម្បាំងនឹងប្រទេសចម្ប៉ា , សកម្មភាពគ្រប់វិស័យ , ទំនាក់ទំនងការទូត ពាណិជ្ជកម្ម វប្បធម៌ នឹងប្រទេសក្រៅនោះ ចំឡាក់មាននិយាយពីសកម្ម ភាពខាងពុទ្ធសាសនាមហាយាន ។ កសិណទឹកព័ទ្ធជុំវិញប្រាសាទចាត់ជាបារាយណ៍ធំមួយ ហើយនៅបរិវេណ ខាងក្រៅព័ទ្ធជុំវិញប្រាសាទនេះមានប្រាសាទ ៩ទៀត ។ នៅខាងកើតប្រាសាទមានធម្មសាលាមួយដែលសិលាចារឹកថា ជាកន្លែងបូជាសព និងឆ្ងាយពីនោះមានបារាយណ៍មួយទំហំ ១៦០០ម x ៧៥០ម នៅទិសខាងកើត ដែលឥឡូវស្ងួតចែស និងមានប្រាសាទមួយឈ្មោះមេបុណ្យនៅកណ្តាល ។ ប្រាសាទមេបុណ្យគេកសាងឡើងតាមព្រះតម្រិះព្រះបាទជ័យវរ្ម័នទី៧ ឧទ្ទិសដល់ព្រះមាតាទ្រង់ ដែលបានសោយទីវង្គត ព្រោះតែកើតទុក្ខនឹងព្រះអង្គនិងចៅ (ព្រះស្រិន្ទ្រកុមារ) កាលនាំទ័ពច្បាំងនឹងប្រទេសចម្ប៉ា ។
លោក ពៅ សំណាង ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យអោយដឹងថា យោងលិខិតលេខ ២៤៨២ ខបជ ចុះថ្ងៃទី ២៨ តុលា ២០០៣ របស់អភិបាលខេត្តបន្ទាយមានជ័យជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រសួងមហាផ្ទៃបានស្នើយករូបចម្លាក់អវលោកិតិស្វរៈព្រហស្ថ៣២ នៅជញ្ជាំងខាងលិចប្រាសាទ បន្ទាយឆ្មារធ្វើជានិមិត្តរូបខេត្តបន្ទាយមានជ័យ ។ រូបនេះមានអត្ថន័យដូចតទៅទី១ ជាអ្នកប្រមើលសុខទុក្ខ របស់មនុស្សលោក និងសត្វលោកព្រមទាំងបីបាច់ថែរក្សាដល់ពួកគេផង ។ ទី២ ដើម្បីការពារភ័យន្តរាយមកពីទិសខាងលិច ។ ទី៣ ក្នុងព្រះពុទ្ធសាសនា រូបនេះជាព្រះពោធិសត្វ ។ ឯក្នុងព្រហ្មញ្ញសាសនា គេធ្វើមុខ៤ ដែលតាំងនៅកំពូលប្រាសាទ ឬកំពូលចេតិយ ជាតំណាងព្រះភ័ក្រនៃអវលោកិតិស្វរៈ ដែលការពារភ័យន្តរាយទាំងពួង គ្រប់ទិសទី ។ ទី៤ អវលោកិតិស្វរៈមានព្រះកេសជាច្រើនដែលមានអ្នកគោរពសាសនាព្រះពុទ្ធមហាយានដាក់នាមថា ព្រះអមិតក ដែលទ្រង់ប្រតិស្ថាននៅឋានសុខាវត្តី ។ និងទី៥ អមិកតជាព្រះនាមរបស់ព្រះធ្យានិពុទ្ធ ដែលមានពន្លឺរស្មីច្រើនឥតគណនា ។ ធ្យានគឺជាធម៌៤ អំណាច នៃធ្យានក្នុងផ្លូវអារម្មណ៍អធិដ្ឋានយកអាកាសដី បឋរីកកសិណ ធ្វើជាផ្លូវត្រូវដើរដោយអារម្មណ៍ ។
(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)



ไม่มีความคิดเห็น:
แสดงความคิดเห็น